សាសនា​ ប្រពៃណី ទំនៀមទំលាប់ និងវប្បធ៏មខ្មែរ

Share |

Pages home > ប្រភព និង​កាលបរិច្ឆេទ​របាំ​ក្បាច់បុរាណ ឬ​ព្រះ​រាជទ្រព្យ​ខ្មែរ​

ប្រភព និង​កាលបរិច្ឆេទ​របាំ​ក្បាច់បុរាណ ឬ​ព្រះ​រាជទ្រព្យ​ខ្មែរ​

                របាំ​ក្បាច់បុរាណ ឬ​របាំ​ព្រះ​រាជទ្រព្យ​ខ្មែរ ដែល​បាន​ផ្ដល់​កំណើត​ទៅ​ឲ្យ​របាំ​ថៃ និង​លាវ​សព្វថ្ងៃនេះ មាន​ប្រភព

ចេញពី​ឥណ្ឌា ដោយហេតុ​ថា ទម្រង់​សិល្បៈ​នេះ​តម្រូវ​តាម​ពិធី​សាសនា​ព្រហ្ម​ណ៍ ដែល​ផ្សាភ្ជាប់​នឹង​របប​រាជានិយម ហើយ

បាន​ធ្វើដំណើរ​ឆ្លងកាត់​ដំណាក់កាល​នៃ​ប្រវត្ដិសាស្ដ្រ​ជាច្រើន មុន​នឹង​ឈាន​ចូល​មក​សម័យ​ទំនើប​យើង​នេះ ។


    ​អាស្រ័យហេតុនេះ យើង​អាច​និយាយបាន​ថា​របាំ​នេះ ដែល​មាន​ដើមកំណើត​ចេញពី​សាសនា​ឥណ្ឌា ហើយ​មាន

លក្ខណៈ​ពិសិដ្ឋ​ថែមទៀត​ផង​នោះ គឺ​ជា​ដង្វាយ​ដ៏​ថ្លៃថ្លា​មួយឧ​ទ្ទិស​ដល់​ព្រះអាទិទេព ។ កុំភ្លេចថា គេ​រាំ​ថ្វាយ​វត្ថុ​ស័ក្ដិសិទ្ធិ ឬ

ទេវតា​ដែល​បីបាច់​ថែរក្សា​លោក​យើង​នេះ ដូចជា​ក្នុង​ពិធី​បួងសួង​សុំ​ទឹកភ្លៀង​សម្រាប់​ស្រែចំការ ឬ​ដើម្បី​សុំ​សេចក្ដីសុខ

សេចក្ដី​សប្បាយ​ជាដើម ។

    ​ប៉ុន្ដែ​មក​ដល់​ឥឡូវនេះ ដោយ​មូលហេតុ​សង្គ្រាម ក្បួនខ្នាត​គម្ពីរ​ពាក់ព័ន្ធ​ទៅ​នឹង​ប្រវត្តិ​ដើម​នៃ​របាំ​នេះ ត្រូវបាន​បាត់បង់

អស់​ទៅហើយ ទោះបី​នៅ​ស្ទើរតែ​គ្រប់​ប្រាសាទ ដែល​ជា​ទេវស្ថាន​មានការ​បន្សល់ទុក​នូវ​ចម្លាក់​អ្នករបាំ​យ៉ាង​កុះ​កុញ​ក្ដី ។

    ​យោង​លើ​របកគំហើញ​បុរាណ​វិទ្យា ដែល​គេ​បាន​រកឃើញ​នៅ​ម្ដុំ​អូរ​កែវ​(​កម្ពុជា​ក្រោម​) និង​នៅ​អង្គរ​បុរី នៅ​ខេត្ត​តាកែវ

ដោយឡែក​នៅក្នុង​បរិវេណ​ក្បែរ​វត្ត​គំនូរ​បច្ចុប្បន្ន ដែល​ជា​ទីតាំង​របស់​រា​ជ​ធានី​ចាស់​នៃ​នគរ​ភ្នំ ពី​សតវត្សរ៍​ទី​១ ដល់​ទី​៧ យើង

អាច​កត់សម្គាល់​ថា របាំ​នេះ​បាន​ចាប់​ពន្លក​ក្រោម​ព្រឹត្តិការណ៍​ឥណ្ឌូ​ភាវូបនីយកម្ម នៅលើ​ទឹកដី​កម្ពុជា​យើង តាំងពី

បុរាណកាល​ម្ល៉េះ ។

ដូច្នោះ ជា​ការពិត​ណាស់​ដែល​រូបភាព​ចម្លាក់​ដី​ដុត​តំណាង​ឲ្យ​ស្រី​របាំ​ម្នាក់​ដែល​ ភ្ជាប់​មក​នេះ ពិត​ជា​សក្ខីកម្ម​ជាក់ស្ដែង

បង្ហាញថា នា​គ្រា​ដំបូង​នៃ​ប្រវត្តិសាស្ត្រ ក្បាច់​របាំ​ខ្មែរ ត្រូវ​បាន​ចម្លង​តាម​បែប​ផែនការ​នៃ​របាំ​ឥណ្ឌា​យ៉ាង​ប្រាកដ ។ រីឯ​ចំណុច

មួយ​ដ៏​សំខាន់​ទៀត ហើយ​វា​ក៏​ជា​ភស្ដុតាង​សំខាន់​មួយ​ដែរ គឺ​វត្តមាន​ចម្លាក់​មួយចំនួន​ទៀត​ធ្វើ​អំពី​ដី​ដុត ឬ​ឆ្លាក់​លើ​សន្លឹក

មាស ពិតជា​មាន​ទំនាក់ទំនង​នឹង​រឿង​រាមាយណៈ​ឥណ្ឌា ដែល​មាន​រូប​ហនុមាន និង​សូ​គ្រិព ជា​តួអង្គ ។

    ​សរុបសេចក្ដី​មក ដោយសារ​តែ​តឹកតាង​ខាង​បុរាណវិទ្យា​ខាងលើ​នេះ​ហើយ ទើប​យើង​ហ៊ាន​សន្និដ្ឋានថា របាំ​ក្បាច់បុរាណ

សព្វថ្ងៃ​គឺជា​របាំ​ទេវៈ : មាន​ប្រភព​ចេញពី​ប្រទេស​ឥណ្ឌា​បុរាណ ហើយ​អ្នក​រាំ​ទាំងនោះ ដែល​ជា​ស្រី​ទេព​អប្សរា​នោះ​ពិតជា

នៅ​ឯ​ឋាន​សួគ៌ា​មែន បើ​យោង​លើ​ជំនឿ​ដែល​មាន​ក្នុង​ទេវ​កថា​បែប​ព្រហ្មញ្ញសាសនា ៕ (​ម​.​ត្រា​ណេ​)

Last updated 726 days ago by vatana.KHOEURN



/5 stars ( votes)